កម្មវិធីថ្នាលបណ្ដុះអាជីវកម្មថាមពលស្អាត

ក្នុងវិស័យកសិកម្ម
គាំទ្រសហគ្រិននិងអ្នកកែច្នៃបច្ចេកវិទ្យាអនុវត្តន៍ក្នុងការបង្កើតមុខជំនួយថាមពលស្អាតប្រកបដោយនវានុវត្តន៍ដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម
កម្មវិធីថ្នាលបណ្ដុះអាជីវកម្មថាមពលស្អាតក្នុងវិស័យកសិកម្ម
ជាកម្មវិធីពង្រឹងសមត្ថភាពផ្នែកពាណិជ្ជកម្មសម្រាប់ជួយសហគ្រិននិងនវានុវត្តករបណ្ដុះអាជីវកម្មដែលទើបនឹងដុះពន្លកដើម្បីអភិវឌ្ឍមុខជំនួញថាមពលស្អាតក្នុងវិស័យកសិកម្ម ក្នុងរយៈពេល១២ខែ។

យើងនឹងជួយឱ្យគម្រោងអាជីវកម្មអ្នកក្លាយជាការពិត តាមរយៈការផ្ដល់ទុនវិនិយោគ ការប្រឹក្សាបង្ហាញផ្លូវ ការបណ្ដុះបណ្ដាលជំនាញពាណិជ្ជកម្ម និងការផ្ដល់ទីតាំងធ្វើការ ព្រមការទាំងណែនាំឱ្យអ្នកស្គាល់បណ្ដាញទំនាក់ទំនងពាណិជ្ជកម្មនិងអ្នកវិនិយោគផងដែរ។
តើអ្នកណាខ្លះគួរចូលរួមកម្មវិធីនេះ?
អ្នកគួរចូលរួមកម្មវិធីនេះប្រសិនបើអ្នកជាសហគ្រិនដែលមានផែនការអាជីវកម្មដែលនាំឱ្យមានការប្រើប្រាស់ថាមពលស្អាតនៅក្នុងកិច្ចការកសិកម្មនិងនៅទីជនបទ ហើយមានផលិតផលគំរូកំពុងសាកល្បងឬមួយចង់បង្កើនទំហំពាណិជ្ជកម្ម។ ដូចគ្នាដែរ អ្នកគួរចូលរួមប្រសិនបើអ្នកមានក្រុមការងារខ្លួនឯងហើយ ក៏ប៉ុន្តែអ្នកត្រូវការការណែនាំបង្ហាញផ្លូវ ត្រូវការអ្នកបង្វឹក ឬត្រូវការទុនវិនិយោគខ្លះដើម្បីឱ្យមុខជំនួញក្នុងក្ដីស្រមៃក្លាយជាការពិត។
ចូលរួមកម្មវិធីនេះ មានអត្ថប្រយោជន៍អ្វីខ្លះ?
  • ការបណ្ដុះបណ្ដាលជំនាញពាណិជ្ជកម្ម
  • អ្នកប្រឹក្សាបង្ហាញផ្លូវ
  • ជំនួយជាទុនវិនិយោគដំបូងពី ៥.០០០ដុល្លារ ទៅ ១០.០០០ដុល្លារ
  • ការិយាល័យធ្វើការ
  • បណ្ដាញទំនាក់ទំនងពាណិជ្ជកម្ម
  • ការណែនាំពីអ្នកវិនិយោគ
កម្មវិធីថ្នាលបណ្ដុះអាជីវកម្មថាមពលស្អាតក្នុងវិស័យកសិកម្ម ប្រើរយៈពេល១២ខែ ដើម្បីជួយឱ្យផែនការអាជីវកម្មជំហានដំបូងរបស់អ្នកទទួលបានជោគជ័យ។ ផុតរយៈពេលមួយឆ្នាំនេះ យើងចង់ឃើញមានអតិថិជនទិញផលិផលដែលពួកគេពេញចិត្តពីអាជីវកម្មអ្នក អាជីវកម្មអ្នកមានលំហូរសាច់ប្រាក់ល្អ ហើយអ្នកមានផែនការអាជីវកម្មដែលនាំឱ្យអាជីវកម្មនេះជោគជ័យ ពោលគឺអាជីវកម្មអ្នកបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលទុនវិនិយោគដើម្បីពង្រីកខ្លួនថែមទៀត។
នវានុវត្តន៍ថាមពលស្អាតក្នុងវិស័យកសិកម្ម
កសិកម្មជាវិស័យមួយដែលប្រើប្រាស់ធនធានច្រើន ហើយក៏ជាវិស័យស្នូលមួយនៃសេដ្ឋកិច្ចកម្ពុជាដែរ។

ការប្រើប្រាស់ថាមពលស្អាតគួបផ្សំនឹងនវានុវត្តន៍ម៉ូដែលពាណិជ្ជកម្មក្នុងវិស័យនេះ មានសក្ដានុពលខ្ពស់ក្នុងការបង្កើតគុណប្រយោជន៍ហិរញ្ញវត្ថុនិងបរិស្ថានរយៈពេលវែង។
យើងអាចជួយអ្វីបានខ្លះ ដើម្បីអ្នកអាចចូលរួមកម្មវិធីនេះ?
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យគឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដូច្នេះអ្នកមានពេលគ្រប់គ្រាន់ក្នុងការដុសខាត់កែច្នៃគំនិតអ្នកឱ្យចេញជាផលិតផលគំរូសាកល្បងនិងផែនការអាជីវកម្ម តាមរយៈការពិនិត្យបញ្ជាក់លើគំនិតមុខជំនួញ ព្រមទាំងរៀបចំពាក្យសុំដ៏ល្អឥតខ្ចោះមួយដើម្បីដាក់ពាក្យចូលរួមកម្មវិធីយើង។
ស្វែងយល់
បណ្ដុះគំនិត
ពិនិត្យបញ្ជាក់
តើអ្នកចាប់អារម្មណ៍ ប៉ុន្តែចង់ស្វែងយល់បន្ថែមទៀតអំពីការសាកល្បងមួយនេះមែនទេ?

ចង់ស្វែងយល់បន្ថែមទេ? យើងបានរៀបចំកម្មវិធីជាច្រើនដែលមានការចូលរួមពីអ្នកជំនាញក្នុងវិស័យកសិកម្មនិងថាមពលស្អាត។
ចូលរួមព្រឹត្តិការណ៍ទាំងនេះដើម្បីជួបនឹងអ្នកប្រឡូកផ្ទាល់ ដែលមានចំណេះជំនាញនិងស្រឡាញ់វិស័យនេះ។ ពួកគាត់អាចជួយឱ្យអ្នកកាន់តែចាប់អារម្មណ៍កិច្ចការនេះនិងអាចជួយពង្រីកវិសាលភាពពាណិជ្ជកម្មរបស់អ្នកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រហែលជាមានអ្នកខ្លះចាប់អារម្មណ៍ចូលរួមក្នុងមុខជំនួញរបស់អ្នកទៀតផង!
ចង់បានគំនិតល្អៗ? សាក «ហ៊ែក» គំនិតទៅមើលមើល៍!

មិនមែនគ្រប់គ្នាសុទ្ធតែមានគំនិតធ្វើជំនួញផ្នែកថាមពលស្អាតនោះទេ! ចូលរួមហ៊ែក្ខាថុន ដើម្បីមានពេលនិងបរិយាកាសបណ្ដុះគំនិតល្អៗនិងពិភាក្សាអំពីគំនិតនេះជាក្រុម។ ទន្ទឹមនឹងនេះ យើងនឹងចែករំលែកអំពីបញ្ហាប្រឈមនិងឱកាសនានាក្នុងវិស័យកសិកម្មនិងតំបន់ជនបទ។ លើសពីនេះ យើងក៏មានអ្នកជំនាញដែលអាចជួយណែនាំបង្ហាញផ្លូវអ្នកផងដែរ!
ចង់ពិនិត្យបញ្ជាក់គោលគំនិតរបស់អ្នកទេ?


អ្នកមានគំនិតមុខជំនួញតែមិនច្បាស់ថាអាចអនុវត្តបាន? មិនច្បាស់ថាអាចធ្វើអាជីវកម្មបាន? វគ្គត្រៀមនេះ ល្អបំផុតសម្រាប់សហគ្រិនដែលមានគំនិតខ្លះៗពីគម្រោងអាជីវកម្មរបស់ខ្លួនហើយ តែចង់ចំណាយពេលវាយតម្លៃថាគំនិតនោះអាចអនុវត្តបានឬមិនបាន ទន្ទឹមនឹងមានការជ្រោមជ្រែងពីអ្នកប្រឹក្សាបង្ហាញផ្លូវ។ ចប់កម្មវិធីនេះ អ្នកនឹងដឹងថាអ្នកចង់បន្តប្រែក្លាយគំនិតអ្នកឱ្យទៅជាមុខជំនួញដែរឬទេ ព្រមទាំងដឹងថាសមាជិកណាខ្លះក្នុងក្រុមអ្នកដែលអាចតាំងចិត្តបន្តដំណើរជាមួយអ្នកបាន!

ជួបជាមួយនឹងអ្នកប្រឹក្សាបង្ហាញផ្លូវរបស់យើង
  • ចាន់ សិរីរដ្ឋា
    នាយកប្រចាំនៅកម្ពុជា, អង្គការភាពជាដៃគូដើម្បីកសិកម្មប្រកបដោយចីរភាពកម្ពុជា (Cambodia Partnership for Sustainable Agriculture)
    បទពិសោធផ្នែកកសិកម្ម ការវិភាគខ្សែច្រវ៉ាក់តម្លៃក្នុងទីផ្សារ និងការអភិវឌ្ឍអាជីវកម្ម
  • កែប រតនា
    អ្នកសម្របសម្រួលគម្រោង, អង្គការភីន (PIN – People In Need)
    បទពិសោធផ្នែកកសិកម្ម ការស្វែងរកទីផ្សារសម្រាប់ថាមពលកកើតឡើងវិញ ផ្នែកលក់ និងការបង្កើតច្រកពាណិជ្ជកម្ម

  • ខៀវ ធីតា
    នាយក, ក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូ អិលធីឌី (Solar Green Energy (Cambodia) Co., Ltd.)
    បទពិសោធផ្នែកថាមពលពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹក ការផលិតគ្រឿងបង្គុំ និងផ្នែកលក់

  • Antoine Denizart (អង់ទ័ន ដឺនីហ្សា)
    អ្នកគ្រប់គ្រង, ក្រុមហ៊ុនប្រឹក្សាយោបល់សឺវៀ (SEVEA)
    បទពិសោធផ្នែកអភិវឌ្ឍអាជីវកម្មថាមពលពន្លឺព្រះអាទិត្យនិងថាមពលកកើតឡើងវិញ
  • ប៊ុនតុង បូរារិន
    ប្រធានផ្នែកស្រាវជ្រាវនិងផ្នែកបន្ថែម, សាកលវិទ្យាល័យភូមិន្ទកសិកម្ម

  • នួន ទុំ
    អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍពាណិជ្ជកម្មនិងភាពជាដៃគូ
    បទពិសោធផ្នែកអភិវឌ្ឍកសិពាណិជ្ជកម្ម កសិកម្មសរីរាង្គ និងចំណីអាហារមានសុវត្ថិភាពក្នុងការអភិវឌ្ឍកសិកម្ម
កាលបរិច្ឆេទសំខាន់ៗ
1
ប្រកាសបើកកម្មវិធីថ្នាលបណ្ដុះអាជីវកម្ម, វគ្គផ្សព្វផ្សាយព័ត៌មាន
ចាប់ផ្ដើមទទួលពាក្យ
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩
ម៉ោង៥:៣០ល្ងាច-៨:០០យប់
2
ហ៊ែក្ខាតុននវានុវត្តន៍ថាមពលស្អាតក្នុងវិស័យកសិកម្ម
ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩៖ សិក្ខាសាលាផ្សព្វផ្សាយព័ត៌មាន
ថ្ងៃទី២១ និងទី២២ ខែកញ្ញា ឆ្នាំ២០១៩៖ ហ៊ែក្ខាថុនជាក់ស្ដែង
3
វគ្គត្រៀមចូលកម្មវិធី
ពិសោធលទ្ធភាពអនុវត្តរបស់គំនិតពាណិជ្ជកម្មនិងក្រុមការងាររបស់អ្នក

ខែតុលានិងខែវិច្ឆិកា ឆ្នាំ២០១៩
4
ឈប់ទទួលពាក្យចូលរួមកម្មវិធីថ្នាលបណ្ដុះអាជីវកម្មថាមពលស្អាតក្នុងវិស័យកសិកម្ម
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩
5
ប្រកាសលទ្ធផល
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩
6
បើកឆាកហ្វឹកហាត់លើការបង្កើតផលិតផលគំរូសាកល្បងឬលទ្ធផលិតផលអប្បបរមាទទួលយកបាន
ខែមករា ឆ្នាំ២០២០
ការហ្វឹកហាត់/ប្រឹក្សាបង្ហាញផ្លូវ មួយទល់នឹងមួយ
ពីខែមករាដល់ខែឧសភា
7
ហ្វឹកហាត់ទាក់ទាញអតិថិជន
ខែឧសភា ឆ្នាំ២០២០
ការហ្វឹកហាត់/ប្រឹក្សាបង្ហាញផ្លូវ មួយទល់នឹងមួយ ពីខែឧសភាដល់ខែសីហា
8
ហ្វឹកហាត់ស្វែងរកនិងប្រុងប្រៀបទទួលដៃគូវិនិយោគ
ខែសីហា ឆ្នាំ២០២០
ការហ្វឹកហាត់/ប្រឹក្សាបង្ហាញផ្លូវ មួយទល់នឹងមួយ ពីខែសីហាដល់ខែធ្នូ
9
ជួបជាមួយនឹងអ្នកវិនិយោគ
ខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២០
ដំណាក់កាលដាក់ពាក្យ

បើកទទួលពាក្យចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ តទៅ។

អ្នកត្រូវបំពេញទម្រង់បែបបទ៖
- ពិពណ៌នាអំពីមុខជំនួញ
- ពិពណ៌នាអំពីក្រុមការងារនិងការតាំងចិត្ត

ដំណាក់កាលជ្រើសរើស
១. វគ្គជម្រុះ៖ យើងនឹងផ្ទៀងផ្ទាត់ពាក្យសុំទល់នឹងលក្ខខណ្ឌចាំបាច់នានា ព្រមទាំងធ្វើលំដាប់ចំណាត់ថ្នាក់ពាក្យសុំផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យផ្សេងៗ។
២. វគ្គពិនិត្យដោយអ្នកប្រឹក្សាបង្ហាញផ្លូវ៖ អ្នកប្រឹក្សាបង្ហាញផ្លូវរបស់ EnergyLab នឹងធ្វើការពិនិត្យវាយតម្លៃជាឯករាជលើសក្ដានុពលពាណិជ្ជកម្មនៃពាក្យសុំដែលឆ្លងផុតវគ្គជម្រុះ។
៣. វគ្គសម្ភាស៖ ក្រុមស្ថាបនិករបស់អ្នកត្រូវឆ្លងកាត់ការសម្ភាសផ្ទាល់មុខ។ យើងនឹងសាកសួរបញ្ជាក់អំពីទំហំទឹកប្រាក់វិនិយោគចាំបាច់ (ក្នុងចន្លោះ ២.០០០ដុល្លារ ទៅ ១០.០០០ដុល្លារ)។
៤. ផ្ទៀងនឹងបញ្ជីទណ្ឌកម្មអង្គការសហប្រជាជាតិ

បេក្ខភាពដែលពួកយើងចង់បាន

ជាសហគ្រាសដែលទើបនឹងចាប់ផ្ដើមក្ដី ជាសហគ្រិនម្នាក់ឯងក្ដី ដែលមានផែនការអាជីវកម្មដែលនាំឱ្យមានការប្រើប្រាស់ថាមពលស្អាតនៅក្នុងកិច្ចការកសិកម្មនិងនៅទីជនបទ ហើយមានផលិតផលគំរូកំពុងសាកល្បងឬមួយចង់បង្កើនទំហំពាណិជ្ជកម្ម។ កម្មវិធីថ្នាលបណ្ដុះនេះ មិនមែនសម្រាប់ក្រុមការងារដែលមានត្រឹមតែគំនិតឡើយ។

ចំពោះមុខជំនួញ៖
- តើអ្នកអាចពន្យល់បង្ហាញអំពីមុខជំនួញអ្នកបានច្បាស់លាស់ទេ?
- តើអាចមានអ្នកទិញផលិតផលអ្នកទេ?
- តើផលិតផលនេះមានលទ្ធភាពចូលក្នុងទីផ្សារក្នុងរយៈពេល១២ខែទេ?
- តើមុខជំនួញឬបច្ចេកវិទ្យាដែលអ្នកបង្ហាញនេះ នឹងគាំទ្រការប្រើប្រាស់ថាមពលស្អាតក្នុងកសិកម្មនិងតំបន់ជនបទឬទេ?
- តើមុខជំនួញឬបច្ចេកវិទ្យាដែលអ្នកបង្ហាញនេះ នឹងរួមចំណែកជួយឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ឬទេ?

ចំពោះក្រុមស្ថាបនិក យើងចង់ដឹងថា៖
- ស្ថាបនិកម្នាក់ៗតាំងចិត្តស៊ប់ក្នុងការធ្វើមុខជំនួញនេះទេ?
- តើក្រុមស្ថាបនិកមានបទពិសោធនិងមានប្រៀបលើគេទេ?
- តើក្រុមនេះអាចសម្រេចផែនការដែលខ្លួនដាក់ចេញទេ?
- តើស្ថាបនិកម្នាក់ៗអាចទទួលការហ្វឹកហាត់បានដល់កម្រិតណា?
- តើក្រុមនេះមានការតស៊ូកម្រិតណាក្នុងការឆ្លងកាត់ការលំបាកដើម្បីឱ្យមុខជំនួញដើរទៅមុខ?
- មកដល់ពេលនេះ តើស្ថាបនិកម្នាក់ៗមានសន្ទុះខ្លាំងប៉ុណ្ណាក្នុងការងារ?
- តើក្រុមនេះចេះប្រើប្រាស់កម្មវិធីថ្នាលបណ្ដុះនេះឱ្យមានប្រយោជន៍ដែរឬទេ?







ចុះបើខ្ញុំមានតែគំនិតឬមិនទាន់មានផលិតផលគំរូសាកល្បងវិញ?
ប្រសិនបើអ្នកនៅក្នុងដំណាក់កាលដុះខាត់គំនិតឬមិនទាន់មានគ្នាហើយចង់ស្វែងរកសហគ្រិនជាដៃគូសហការ សូមចូលរួមហ៊ែក្ខាតុនរបស់យើង

ប្រសិនបើអ្នកចង់បានជំនួយក្នុងការបង្កើតផលិតផលគំរូនិងពិនិត្យបញ្ជាក់លើគំនិតមុខជំនួញរបស់អ្នក ឬចង់បានជំនួយដើម្បីត្រៀមខ្លួនចូលកម្មវិធីថ្នាលបណ្ដុះ សូមចូលរួមវគ្គត្រៀមរបស់យើង
California Clean Energy Fund (CalCEF)
ឧបត្ថម្ភដោយ